(ភ្នំពេញ)៖ នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី ១១ធ្នូ ឆ្នាំ២០២០នេះ បានចាប់ខ្លួនបុគ្គលឈ្មោះ នី ណាក់ ជាមន្ត្រីក្រសួងកសិកម្ម រួចបញ្ជូនមកតុលាការ ដើម្បីចាត់ការតាមច្បាប់។
បុគ្គលឈ្មោះ នី ណាក់ ដែលមានហ្វេសប៊ុកផេកឈ្មោះ Iman-KH បានបង្ហោះសារដូច្នេះថា៖ «ខ្ញុំបានត្រៀម ឬព្រាងលិខិត និងឯកសារ រួចរាល់អស់ហើយ ក្នុងការស្នើដាក់ទ្រុងមាន់របស់ខ្ញុំ ក្នុងភាពអាសន្ន ព្រោះមូលហេតុមានមេរោគផ្តាសាយរលាកផ្លូវដង្ហើម កំពុងតែរាតត្បាតក្នុងកសិដ្ឋាន។ ខ្ញុំមិនចង់គិតដល់ ចំណុចនេះទេ ព្រោះវាធ្វើអោយខូចខាត សេដ្ឋកិច្ចរបស់កូនមាន់យ៉ាងធ្ងន់ធ្ងរ។ ខ្ញុំសង្ឃឹមថា កូនមាន់នឹងចេះពាក់ម៉ាស់គ្រប់គ្នា ហើយដេកនៅក្នុងទ្រុង កុំចេញក្រៅអោយសោះ បើគ្មានការចាំបាច់»។
ករណីនេះ ក៏ត្រូវបានឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់ឲ្យមន្ត្រីស្រាវជ្រាវអំពីករណីថា តើកសិដ្ឋានរបស់បុគ្គលរូបនេះ មានកើតជំងឺផ្តាសាយបក្សីពិតមែនឬទេ?
គួរកត់សម្គាល់ថា ហ្វេសប៊ុកផេកឈ្មោះ Iman-KH ដែលកាន់កាប់ដោយបុគ្គលឈ្មោះ នី ណាក់ កន្លងមក តែងតែសរសេរសារបង្ហោះក្នុងន័យឌឺដង ដៀមដាម ខ្លះរហូតដល់ជេរប្រមាថទៅលើបុគ្គល និងស្ថាប័នរដ្ឋជាញឹកញាប់៕





