(សហរដ្ឋអាមេរិក)៖ ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden បានដាក់ចេញផែនការរបស់លោកដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ដោយលោកសន្យាថាអំឡុងពេលលោកកាន់តំណែង ១០០ថ្ងៃដំបូង ពលរដ្ឋអាមេរិកាំងយ៉ាងហោចណាស់ ១០០លាននាក់ នឹងទទួលបានការចាក់វ៉ាក់សាំង COVID-19។ នេះបើយោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០។
លោក Biden ដែលបានណែនាំក្រុមសុខភាពសាធារណៈរបស់លោកជាផ្លូវការកាលពីថ្ងៃអង្គារ លោកក៏បានប្រកាសថាជ្រើសរើសអតីតឧត្តមសេនីយ៍ស្បែកខ្មៅមួយរូបឈ្មោះថា ឡយដ៍ អូស្ទីន (Lloyd Austin) ឲ្យកាន់តំណែងជារដ្ឋមន្រ្តីក្រសួងការពារជាតិ នៅក្នុងរដ្ឋាភិបាលថ្មីរបស់លោក។
លោក ចូ បៃដិន ដែលត្រូវស្បថចូលកាន់តំណែង នៅខែមករា ឆ្នាំ២០២១ បានថ្លែងថា «នៅក្នុងអំឡុងពេល ១០០ថ្ងៃ យើងអាចផ្លាស់ប្តូរទិសដៅនៃជំងឺរាតត្បាតនេះ និងធ្វើឲ្យជីវិតរស់នៅក្នុងសហរដ្ឋអាមេរិក ប្រសើរឡើងវិញ។ មិនថាអ្នកមានទស្សននយោបាយបែបណាទេ ការប្រើប្រាស់ម៉ាសជាប្រចាំ នឹងត្រូវធ្វើឡើងសម្រាប់រយៈពេល ១០០ថ្ងៃ»។ សូមរំលឹកថាកូវីដ-១៩បានសម្លាប់ពលរដ្ឋអាមេរិកជាង ២៨ម៉ឺននាក់ និងធ្វើឱ្យរាប់លាននាក់បាត់បង់ការងារធ្វើផងដែរ៕



