នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន៖ ​កិច្ចសហការល្អរវាងអាជ្ញាធរមានសមត្ថកិច្ចជំនាញគ្រប់ជាន់ថ្នាក់ ​ធ្វើឲ្យបទល្មើសផ្សេងៗមានការថយចុះ​ តែត្រូវខិតខំព្យាយាមបន្ថែមទៀត​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងសមិទ្ធផលនានា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្ថិតនៅផ្លូវលេខ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មានប្រសាសន៍ក្នុងពិធីសម្ពោធអគារអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានកោតសរសើរដល់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដែលមាន ឯកឧត្តម ឃួង ស្រេង ជាប្រធាន និងកោតសរសើរចំពោះឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងនគរបាលទាំងអស់ ដែលបានសហការគ្នាយ៉ាងល្អក្នុងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ សំដៅកាត់បន្ថយរាល់បទល្មើសផ្សេងៗដែលកើតមាននៅក្នុងសង្គម។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ថា ក្រៅពីមានកិច្ចសហការល្អរវាងអាជ្ញាធរមានសមត្ថកិច្ចជំនាញគ្រប់ជាន់ថ្នាក់ ធ្វើអោយបទល្មើសផ្សេងៗមានការថយចុះ តែក៏ត្រូវខិតខំព្យាយាមបន្ថែមទៀត ដើម្បីទទួលបានជោគជ័យ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានគូសបញ្ជាក់ថា «គិតត្រឹម៩ខែដើមឆ្នាំ២០២០នេះ នៅក្នុងទីក្រុងភ្នំពេញ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធនិងគ្រឿងញៀនជិត៣០០០នាក់ រីឯចំនួនគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ៩% និងកាត់បន្ថយអ្នកស្លាប់ចំនួន១៩នាក់»។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ក្នុងពិធីខាងលើ ក៏បានមានប្រសាសន៍ផ្តាំផ្ញើចំពោះគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដើម្បីពិនិត្យ និងអនុវត្តក្នុងន័យផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាសង្គមទាំងមូលដូចជា ៖

ទី១-ត្រូវព្យាករណ៍ទុកជាមុននូវសភាពការណ៍ដែលកើតមានឡើងនៅពេលខាងមុខ ជាពិសេស ពួកឧទ្ទាមអមិត្តមិនដែលព្រមបោះបង់ចោលបំណងបំផ្លាញរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត ហើយក្រុមទាំងនោះតែងតែដឹកនាំអោយមានបាតុកម្មផ្សេងៗ ដូច្នេះមិនអនុញ្ញាតអោយជនទាំងនោះមកបំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋនោះឡើយ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា សំរាប់ប្រជាពលរដ្ឋកម្ពុជាប្រមាណជាង១៦លាននាក់ ត្រូវតែការពារសុខសុវត្ថិភាព និងសន្តិសុខអោយបានដាច់ខាត។

ទី២-ត្រូវដោះស្រាយទុក្ខកង្វល់របស់សង្គម ក៏ដូចជាប្រជាពលរដ្ឋ អ្វីដែលជាទុក្ខព្រួយរបស់ប្រជាពលរដ្ឋករណីបទល្មើសលួច ឆក់ ប្លន់នៅក្នុងមូលដ្ឋាន ត្រូវតែអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ជួយទប់ស្កាត់បញ្ហាគ្រឿងញៀន ទប់ស្កាត់កុំអោយមានការរីករាលដាល ទោះបីជាយើងធ្វើបានល្អ តែមិនត្រូវភ្លេចខ្លួនត្រូវបន្តស្វែងរកទីតាំងកែច្នៃលួចលាក់ ត្រូវចាំថាគ្រឿងញៀនគ្មានថ្នាំព្យាបាលទេ មានតែថ្នាំបន្សាប។ ត្រូវជួយដោះស្រាយសំដៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋ ត្រូវជួយផ្សព្វផ្សាយអប់រំច្បាប់ និងអប់រំដល់អ្នកដែលប្រើប្រាស់ផ្លូវ ដើម្បីអោយពួកគាត់បានយល់ និងរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសបើចង់ឈប់អោយមានការចតឡានលើចិញ្ចើមផ្លូវ និងកុំអោយចិញ្ចើមផ្លូវក្លាយជាទីតាំងឯកជន យើងត្រូវគិតពីការសាងសង់ចំណត។

ជាចុងក្រោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានផ្តាំផ្ញើអោយស្នងការរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ចំនួន៣ចំនុច ដើម្បីបន្តអនុវត្តដើម្បីភាពជោគជ័យក្នុងការដឹកនាំ៖

ទី១-ត្រូវធ្វើជាសេនាធិការគ្រប់ជ្រុងជ្រោយដល់គណៈបញ្ជាការឯកភាពរាជធានី លើគ្រប់វិស័យ ទាំងសន្តិសុខជាតិ ទាំងការបម្រើសេវាចាំបាច់ជូនប្រជាពលរដ្ឋ ជាពិសេសកិច្ចការពារសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ព្រោះរាជធានីភ្នំពេញ គឺជាមុខមាត់ និងក៏ជាបេះដូង នៃប្រទេសជាតិ។

ទី២-ពង្រឹងគុណភាពមន្ត្រីនគរបាលទាំងអស់ បង្កើនការហ្វឹកហាត់ទៅតាមជំនាញ ក្នុងនាមជាកងកម្លាំងចរាចណ៍ អន្តរាគមន៍ ត្រូវមានសមត្ថិភាព វិន័យ គុណធម៌ សីលធម៌ និងអនុវត្តវិន័យចំពោះកងកម្លាំងដែលមិនគោរពវិន័យ ជាពិសេសស្នើអោយ មន្ត្រីនគរបាលរាជភ្នំពេញទាំងអស់ពង្រឹងព្រៀប នគរបាល មានន័យថា ត្រូវកែរឥរិយាបថដែលខុសចេញ ខិតខំសាងអំពើល្អ ជំរុញសកម្មភាពបម្រើប្រជាពលរដ្ឋ និងកាត់បន្ថយភាពអសកម្ម។

ទី៣-ពង្រឹងកិច្ចសហការ គឺជាកត្តាជោគជ័យដែលមិនអាចខ្វះបាន ត្រូវលុបចោលជំងឺតួរឯក ការដណ្តើមស្នាដៃ ជាពិសេសទាមទារអោយមានមនោសញ្ចេតនាដឹកនាំ ក្នុងនាមជាកងឯកភាពមួយមានគុណធម៌ សិលធម៌ និងគោរពវិន័យ។

សូមបញ្ជាក់ថា អគារអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មជ្ឈមណ្ឌលចរាចរណ៍ និងប៉ុស្តិ៍ប្រចាំបញ្ជា២៤ម៉ោង ចំនួន៥ទីតាំង ជាអំណោយរបស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងអគារប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកឯកមួយខ្នង ជាអំណោយរបស់ឯកឧត្ដម ស ថេត ស្នងការនគរបាលររាជធានីភ្នំពេញ។ 

ក្នុងពិធីសម្ពោធអគារអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឯកឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ស្នងការនគរបាលជាតិ បានឧបត្ថម្ភថវិកា២០លានរៀល ជូនដល់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានឧបត្ថម្ភរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង ជូនដល់ស្នងស្នងការដ្ឋាននគរបាលររាជធានីភ្នំពេញផងដែរ៕


អត្ថបទដែលជាប់ទាក់ទង
ស.ស.យ.កខេត្តក្រចេះ ក្រុងពាលីសាងសង់អគារស្នាក់ការ ដើម្បីពង្រឹងការងាររបស់ខ្លួន
ព័ត៌មានជាតិ
កម្មករមួយចំនួននៃក្រុមហ៊ុន ស៊ីនទ្រី បន្តធ្វើកូដកម្មមិនព្រមចេញឡានទៅប្រមូលសំរាមតាមការព្រមព្រៀង រដ្ឋបាលរាជធានីភ្នំពេញ សម្តែងការសោកស្ដាយយ៉ាងខ្លាំងចំពោះទង្វើរបស់កម្មករ
ព័ត៌មានជាតិ
កម្ពុជារៀបចំច្រកធ្វើដំណើរក្នុងអាស៊ាន ​ដើម្បីឲ្យទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍បានល្អប្រសើរឡើងវិញ ​
ព័ត៌មានជាតិ
​ឯកអគ្គរាជទូតជប៉ុន ស្វែងយល់ពីសក្ដានុពលខេត្តស្វាយរៀង ​និងស្នើពង្រឹងកិច្ចការការពារសន្តិសុខ សុវត្ថិភាព និងទ្រព្យសម្បត្តិរបស់អ្នកវិនិយោគជប៉ុន
ព័ត៌មានជាតិ
កម្ពុជា ទទួលបានសៀវភៅ​គន្លឹះពី UNIDO ​ដើម្បីជួយ​ដល់​អាជីវកម្ម​ខ្នាត​មីក្រូ​ តូច​ និងមធ្យម ពីវិបត្តិ​ Covid-19 ​
ព័ត៌មានជាតិ
ជប៉ុន នឹងលុបចោលបម្រាមហាមឃាត់ការធ្វើដំណើរទៅប្រទេសចំនួន ១២ នៅខែក្រោយ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី