(ភ្នំពេញ)៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ហៅកាត់ថា SPK បានបង្កើតនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ១៩៧៨ មុនពេលប្រទេសកម្ពុជា រំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ កាសែតនេះ ត្រូវបានបង្កើតឡើង ដោយថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន និងសម្តេច ហេង សំរិន។ បច្ចុប្បន្ន ទីភ្នាក់ងារសារព័ត៌មាន SPK បានប្តូរឈ្មោះមកជា AKP ស្ថិតក្រោមចំណុះក្រសួងព័ត៌មាន។
ដំបូងឡើយ អង្គភាពព័ត៌មាន SPK មានលោក ជ័យ សាផុន ជាអគ្គនាយក បន្ទាប់មកទៀត មានឯកឧត្តម ឯម សំអាន ជាអគ្គនាយក។ ថ្នាក់ដឹកនាំទាំងពីររូប បានធ្វើមរណកាលហើយ។ ឯកឧត្តម ឯម សំអាន ក្រោយមកក្លាយជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ មុនពេលលោកបានលាចាកពីយើង។
លោក ខៀវ កូឡា ជាប្អូនប្រុសរបស់ឯកឧត្តម ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ហើយធ្លាប់ធ្វើការនៅអង្គភាព SPK ដែរ សរសេរសារថា៖ «យើងខ្ញុំអ្នកសារព័ត៌មានជំនាន់នេះ និងជំនាន់ក្រោយៗទៀត សូមចងចាំជាដរាបនូវគុណូបការ:របស់លោកក្នុងការខិតខំស្តារ និងកសាងឡើងវិញវិស័យសារព័ត៌មានកម្ពុជា ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩»។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបង្ហោះរូបភាពថា៖ «អបអរសាទរ! ខួបលើកទី៤២ឆ្នាំ ថ្ងៃកំណើត ទីភ្នាក់ងារសារព័ត៌មានកម្ពុជា SPK-AKP ៣ ធ្នូ ១៩៧៨-២០២០»៕




