(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកានេះ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភាដើម្បីពិនិត្យនិងសម្រេចលើរបៀបវារៈមួយចំនួន។ ជាលទ្ធផលគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានកំណត់យកថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០២០ ដើម្បីបន្តសម័យប្រជុំលើកទី៦ព្រឹទ្ធសភានីតិកាលទី៤ដោយមានរបៀបវារៈសំខាន់ៗចំនួន៦។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានឲ្យដឹងថា របៀបវារៈសំខាន់ៗចំនួន៦ ដែលនឹងត្រូវពិនិត្យ និងឲ្យយោបល់នៅថ្ងៃព្រហស្បត្តិ៍ខាងមុខនេះរួមមាន៖ទី១.ពិនិត្យនិងឲ្យយោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ ទី២.ពិនិត្យនិងឲ្យយោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្ដីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ។ ទី៣.ពិនិត្យនិងឲ្យយោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្ដីពីភាពជាដៃសេដ្ឋកិច្ចទូលំទូលាយរវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន។
ទី៤.ពិនិត្យនិងឲ្យយោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្ដីពីសេវាកម្ម។ ទី៥.ពិនិត្យនិងឲ្យយោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្ដីពីការវិនិយោគក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា។ ទី៦.ពិនិត្យនិងឲ្យយោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្ដីពីការវិនិយោគរវាងបណ្ដារដ្ឋជាសមាជិក នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន៕



