(បាត់ដំបង)៖ អតីតជនសង្ស័យក្នុងសំណុំរឿង ០០៤/០២ អោ អាន បានទទួលមរណភាពកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅខេត្តបាត់ដំបង។ នេះបើតាមការឲ្យដឹងពីលោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណ និងជាអ្នកនាំពាក្យសាលាក្តីខ្មែរក្រហម នៅថ្ងៃទី៨ ខែវិច្ឆិកានេះ។
លោកបានបញ្ជាក់ថា សំណុំរឿង ០០៤/០២ ប្រឆាំងនឹង អោ អាន បានបិទបញ្ចប់នៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាតាំងពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ហើយសំណុំរឿងនេះ ក៏ត្រូវបានសហចៅក្រមស៊ើបអង្កេតចេញដីកាបង្គាប់រួមគ្នាឲ្យបោះត្រា និងបញ្ចូលសំណុំរឿង ០០៤/២ ទៅក្នុងបណ្ណសាររួចហើយដែរកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។ ចាប់តាំងពីពេលនោះមក អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាលែងមានយុត្តាធិការលើលោក អោ អាន ទៀតហើយ។
សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការ កម្ពុជា (អ.វ.ត.ក) បានបញ្ចប់សំណុំរឿងប្រឆាំង អោ អាន នៅចំពោះមុខ អង្គជំនុំជម្រះវិសាមញ្ញ។ បន្ទាប់ពីមាន “បណ្តឹងសាទុក្ខ ជាបន្ទាន់ប្រឆាំងនឹងការរំលត់ជាធរមាននៃសំណុំរឿង ០០៤/២ របស់អង្គជំនុំជម្រះសាលាដំបូង” របស់សហព្រះរាជអាជ្ញាអន្តរជាតិ អង្គជំនុំជម្រះតុលាការកំពូល បានដោះស្រាយទឡ្ហីករណ៍នានារបស់សហព្រះរាជអាជ្ញាអន្តរជាតិ។ អង្គជំនុំជម្រះតុលាការកំពូលបានពិចារណាឃើញថា៖ “បើទោះបីជាមានការឯកភាពគ្នាពាក់ព័ន្ធ នឹងចំនួនជនរងគ្រោះជាច្រើន នៅក្នុងភូមិភាគកណ្តាល ” នៃកម្ពុជាប្រជាធិបតេយ្យក៏ដោយ “ក៏ពុំមានការឯកភាពគ្នាឡើយ បន្ទាប់ពីរយៈពេលដប់បីឆ្នាំនៃកិច្ចស៊ើបសួរដែលថា អោ អាន ស្ថិតក្នុងយុត្តាធិការរបស់ [អ.វ.ត.ក] ឬយ៉ាងណា”។ អង្គជំនុំជម្រះតុលាការកំពូលបានសម្រេចថា៖ “ក្នុងករណីដែលពុំមានដីកាបញ្ជូនរឿងទៅជំនុំជម្រះ ដែលជាក់លាក់ និងអាចអនុវត្តបាននោះ ដូចនេះរឿងក្តីប្រឆាំងនឹងអោ អាន ត្រូវបញ្ចប់ នៅចំពោះមុខ អ.វ.ត.ក”។
កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ សហចៅក្រមស៊ើបអង្កេត បានចេញដីកាបង្គាប់រួមគ្នាឲ្យបោះត្រា និងបញ្ចូលសំណុំរឿង ០០៤/២ ទៅក្នុងបណ្ណសារបន្ទាប់ពីអង្គជំនុំជម្រះតុលាការកំពូលបានចេញ សេចក្តីសម្រេចបញ្ចប់សំណុំរឿងនេះកាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២០៕




