(ភ្នំពេញ)៖ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ - ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ គឺជាខួបលើកទី ១៦ឆ្នាំ នៃការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ នៃព្រះមហាក្សត្រកម្ពុជា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ នៅថ្ងៃបុណ្យជាតិនេះ មន្ត្រីរាជការ បុគ្គលិកតាមស្ថានប័នរដ្ឋ និងឯកជន ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាករយៈពេល ១ថ្ងៃ។
Swift News សូមលើកឡើងដោយសង្ខេបនូវប្រវត្តិនៃការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពី ១៦ឆ្នាំមុន ដូចតទៅ៖
១សប្តាហ៍ បន្ទាប់ពីព្រះករុណា អតីតព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ប្រកាសដាក់រាជ្យ នៅដើមខែតុលា ឆ្នាំ២០០៤ គឺព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានជ្រើសតាំង ជាបេក្ខជនតែមួយព្រះអង្គគត់ សម្រាប់ព្រះរាជតំណែងដ៏ខ្ពង់ខ្ពស់ ជាព្រះមហាក្សត្រ។
នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ក្រុមប្រឹក្សារាជសម្បត្តិ ដែលមានសមាសភាព ៩អង្គ-រូប បានសម្រេចជ្រើសតាំងជាឯកឆន្ទ ក្នុងសំឡេង ៩ លើ ៩ សំឡេង ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ឡើងគ្រងរាជ្យ ជាព្រះមហាក្សត្រ ជំនួសព្រះបិតា សម្តេចព្រះ នរោត្តម សីហនុ។
នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ ព្រះរាជពិធីឡើងគ្រងរាជសម្បត្តិ របស់ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានរៀបចំឡើងជាឱឡារឹក នៅក្នុងព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ។
ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ប្រសូត្រ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ នៅទីក្រុងភ្នំពេញ។ ព្រះអង្គ ជាព្រះរាជបុត្រារបស់សម្តេចព្រះនរោត្តម សីហនុ និងព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ។ ព្រះអង្គ មានបងប្អូនបង្កើត ២ព្រះអង្គ គឺព្រះអង្គ និងព្រះអនុជ នរោត្តម នរិន្ទរពង្ស៕



