(ភ្នំពេញ)៖ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៅថ្ងៃទី១៩ ខែតុលានេះ បានចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធចំពោះហ្វេសបុកផេកមួយចំនួនដែលបានចុះផ្សាយថា មានករណីណេតអនឡាញបង្កប់ល្បែងស៊ីសងនៅលូប្រាំ កំពុងដំណើរការលេងយ៉ាងរលូន។
អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានបញ្ជាក់ជូនសាធារណៈជនឲ្យបានជ្រាបថា ការចុះផ្សាយខាងលើជាព័ត៌មានមិនពិត។ បន្ទាប់ពីបានឃើញការចុះផ្សាយនេះភ្លាម នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ លោកអធិការនគរបាលខណ្ឌមានជ័យ បានបញ្ជាឲ្យកម្លាំងខណ្ឌ ជាមួយប៉ុស្តិ៍ ចុះទៅដល់ទីតាំងខាងលើភ្លាម ហើយបានឃើញថាទីតាំងនេះបិទទ្វារពុំមានការលេងល្បែងអ្វីឡើយ។
អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានបន្តថា សមត្ថកិច្ចនៅតែបន្តតាមដានជាប្រចាំ ប្រសិនបើទីតាំងខាងលើ មានបើកលេងល្បែងដោយខុសច្បាប់មែន សមត្ថកិច្ចជំនាញនឹងមានវិធានការបង្ក្រាប និងចាត់ការបន្តតាមនីតិវិធីច្បាប់៕



