លោកជំទាវ ឃួន សុដារី ដឹកនាំកិច្ចប្រជុំជំហ៊ានដំបូង ដើម្បីពិនិត្យលើខ្លឹមសារត្រៀមរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី២​
SWIFT NEWS ថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ ១៩:០១ ល្ងាច

(ភ្នំពេញ)៖ លោកជំទាវ ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) នៅព្រឹកថ្ងៃទី១៨ ខែធ្នូនេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំហ៊ានដំបូង ដើម្បីពិនិត្យលើខ្លឹមសារឯកសារមួយចំនួន និងសេចក្តីព្រាងកម្មវិធី ក្នុងការត្រៀមរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី២ ក្រោមប្រធានបទស្តីពី «ការពង្រឹងវប្បធម៌ និងនវានុវត្តន៍ ដើម្បីវិបុលភាពរួមក្នុងអំឡុងពេល និងក្រោយកូវីដ-១៩» តាមប្រព័ន្ធអ៊ីនធើណែត ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅសប្តាហ៍ទី២ នៃខែមីនា ឆ្នាំ២០២១ ខាងមុខនេះ។

សូមជម្រាប ថា ចាប់តាំងពី ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ត្រូវបានប្រកាសជាផ្លូវការ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ កន្លងទៅនេះ នៅខេត្តសៀមរាបដែលជាទីក្រុងវប្បធម៌ ដ៏រុងរឿងរបស់ប្រទេសកម្ពុជា ដោយនៅពេលនោះមានវត្តមានរបស់អ្នកចូលរួមជាង ៨០០នាក់ មកពីប្រទេសនៃទ្វីបជាច្រើន ក៏ដូចជាអង្គការ និងដៃគូរអន្តរជាតិនានា ក្រុមប្រឹក្សាវប្បធម៌អាស៊ី ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានស្ថាបនិកកិត្តិយស និងលោកជំទាវ ឃួន សុដារី ជាប្រធាន ACC។ កម្ពុជានៅតែបន្តពុះពារសាងកិត្តិយស និងលើកមុខមាត់ប្រទេសជាតិបន្ថែមទៀតរាល់គ្រប់ព្រឹត្តិ​ការណ៍លើឆាកអន្តរជាតិ ដែលទាំងនេះសុទ្ធសឹងជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ជាក់ស្តែងគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងអភិវឌ្ឍ ព្រមទាំងអនុវត្ត «គម្រោងតេជោ​ភូមិ១០០» ក្រោមក្របខណ្ឌនៃអង្គការ ICAPP និងក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ដើម្បីអភិវឌ្ឍន៍មូលដ្ឋាននៅក្នុងប្រទេសកម្ពុជាប្រកបដោយភាពវៃឆ្លាត បៃតង និងផ្អែកលើវប្បធម៌ផងដែរ។ កិច្ចការនេះនឹងរួមចំណែកដល់ផែនការស្តារសេដ្ឋកិច្ចឡើងវិញដែលមានភាពបៃតង ធន់មាំ និងប្រកបដោយបរិយាប័ន្ន។ ជាមួយគ្នានេះផងដែរ ក្រុមប្រឹក្សាវប្បធម៌អាស៊ី បានបង្កើតភាពជាដៃគូរជាមួយនឹងស្ថាប័នអន្តរជាតិជាច្រើនរួមមាន អង្គការយូណេស្កូ អង្គការទីក្រុងបេតិកភណ្ឌពិភពលោក និងរដ្ឋបាលខេត្តឃ្យុងសាន្តបុកដូនៃសាធារណៈរដ្ឋកូរ៉េ៕ 

អត្ថបទដែលជាប់ទាក់ទង
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី