(ភ្នំពេញ)៖ ក្នុងសេចក្តីជូនដំណឹង នៅព្រឹកថ្ងៃទី៧ ខែធ្នូនេះ អគ្គលេខាធិការរដ្ឋសភា បានជូនដំណឹង ដល់ឯកឧត្តម លោកជំទាវ សមាជិក សមាជិការដ្ឋសភា និងមន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា និងអស់លោកអ្នក ដែលមកធ្វើតេស្ត យកសំណាកលើកទី១ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ដែលពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា សូមមេត្តាអញ្ជើញមកធ្វើតេស្ត យកសំណាកលើកទី២ នៅថ្ងៃអង្គារ៍ ទី០៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៩ព្រឹក នៅសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា។
សូមរម្លឹកថា នៅព្រឹកព្រលឹម ថ្ងៃទី៧ ខែធ្នូនេះ មន្ត្រីរាជការក្រសួងមហាផ្ទៃ បានតម្រង់ជួរ ដើម្បីចូលធ្វើតេស្តម្តងម្នាក់ៗ។ នេះជាលើកទី២ហើយ ដែលមន្ត្រីរាជការ នៅក្រសួងមហាផ្ទៃ សរុប ១៥៤៤នាក់ ដែលបានធ្វើតេស្ត យកសំណាក លើកទី១ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ត្រូវទៅធ្វើតេស្ត យកសំណាក លើកទី២ នៅទីស្តីការក្រសួងមហាផ្ទៃ។
ចំណែកអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាផ្សេងទៀត នឹងត្រូវធ្វើតេស្ត លើកទី២ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ នៅ ៥ ទីកន្លែង ដែលក្រសួងសុខាភិបាល បានកំណត់ រួមមាន៖ ១-ផ្ទះសម្តេច ហេង សំរិន ២-ផ្ទះសម្តេចក្រឡាហោម ស ខេង ៣-រដ្ឋសភា ៤-ទីតាំងអង្គភាពភីឡត បន្ទាយទួលក្រសាំង សម្រាប់ក្រុមភីឡត និងក្រុមអង្គរក្សសម្តេចតេជោ និង៥-ពហុកីឡដ្ឋានជាតិអូឡាំពិក ( សម្រាប់ប្រជាពលរដ្ឋ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល )។
ក្រសួងសុខាភិបាល ប្រកាសនៅព្រឹកថ្ងៃចន្ទ ទី៧ ខែធ្នូថា គិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា សរុបទាំងអស់ បានចំនួន ១១៣០៥ នាក់ ដែលនៅក្នុងចំនួននេះ មានអ្នកវិជ្ជមានវីរុសកូវីដ១៩ថ្មី សរុបចំនួន ៣២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងនៅមណ្ឌលសុខភាពចាក់អង្រែ៕




