សម្តេច​តេ​ជោ ហ៊ុន សែន អបអរសាទរ​ខួប ២​ឆ្នាំ នៃ​ការបញ្ចូល​ល្ខោនខោល ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ នា​ព្រឹក​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចូលរួម​អបអរសាទរ​ខួប ២​ឆ្នាំ នៃ​ការបញ្ចូល​ល្ខោនខោល ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ​។​

​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ នា​ព្រឹក​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ គឺជា​ខួប ២​ឆ្នាំ ដែល​ល្ខោនខោល ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ (២៨ វិច្ឆិកា ២០១៨ - ២៨ វិច្ឆិកា ២០២០)​។ 

 «​ល្ខោនខោល​» ដែលជា​ស្នាដៃ​សិល្បៈ​បុរាណ ដ៏​វិសេសវិសាល​អស្ចារ្យ​របស់​ក​ម្ពុ​ជា ត្រូវបាន​អង្គការ​យូណេស្កូ សម្រេច​ដាក់ចូល​ក្នុង​បញ្ជី បេ​តិក​ភ័​ណ្ឌ​ពិភព អរូបី​នៃ​មនុស្សជាតិ ក្នុងឱកាស​កិច្ចប្រជុំ​លើក​ទី​១៣ ក្នុង​ទីក្រុង​ព័រ​ល្វី​ស នៃ​សាធារណរដ្ឋ​ម៉ូ​រី​ស នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​

​សម្តេច​តេ​ជោ បន្ថែមថា ការដាក់បញ្ចូល «​ល្ខោនខោល​» ទៅក្នុង​បញ្ជី​អរូបី​នៃ​មនុស្សជាតិ​នាពេលនេះ គឺជា​ការរួមចំណែក​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ របស់​ព្រះរាជាណាចក្រ​កម្ពុជា កាន់តែ​ល្បី​សុះសាយ​ទូទាំង​ពិភពលោក ហើយ​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​តួអង្គ​កាន់តែ​លេចធ្លោ​ថែមទៀត នៅលើ​វេទិកា​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​។ កិច្ចការពារ​បេតិកភណ្ឌ​វប្បធម៌ ជា​ភារកិច្ច​របស់​កូន​ខ្មែរ​គ្រប់ៗ​រូប​។​

​សូម​រម្លឹកថា មកដល់ពេលនេះ កម្ពុជា​មានសម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ជាតិ ចំនួន ៨​ត្រូវបាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ពិភពលោក របស់​អង្គការ​យូណេស្កូ រួមមាន​៖ ១-​តំបន់​អង្គរវត្ត ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​១៩៩២ ២-​របាំ​ព្រះរាជ​ទ្រព្យ ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០០៣ ៣-​ល្ខោន​ស្រមោល​ស្បែក​ធំ ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០០៥ ៤-​ប្រាសាទព្រះវិហារ ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨ ៥-​ល្បែង​ទាញព្រ័ត្រ ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៥ ៦-​ចាប៉ីដងវែង ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៦ ៧-​ប្រាសាទសំបូរព្រៃគុក ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៧ និង​៨-​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨៕​

អត្ថបទដែលជាប់ទាក់ទង
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី